លិខិតធ្វើដំណើរបណ្ដោះអាសន្ន (laissez-passer)

សូមជម្រាបជូនថា លិខិតឆ្លងដែនសញ្ជាតិខ្មែរដែលអស់ ឬ ជិតអស់សុពលភាព ពុំត្រូវបានអនុញ្ញាតឱ្យបន្ត ឬ ពន្យារ នោះទេ គឺត្រូវតែស្នើសុំថ្មី ហើយស្ថានទូតក៏ពុំអាចចេញលិខិតឆ្លងដែនថ្មីជូនបានដែរ។

ប្រសិនបើលោកអ្នកត្រូវការធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្នុងកាលៈទេសៈបែបនេះ លោកអ្នកអាចដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន ឬហៅថា laissez-passer នៅតាមស្ថានទូតដែលនៅជិតលោកអ្នក។

តើអ្វីទៅជា លិខិតធ្វើដំណើរបណ្ដោះអាសន្ន?

លិខិតធ្វើដំណើរបណ្ដោះអាសន្ន ជាឯកសារទំហំ A4 មួយសន្លឺក (មិនមែនជាលិខិតឆ្លងដែន) ដែល៖

  • ចេញដោយស្ថានទូតខ្មែរសម្រាប់តែពលរដ្ឋខ្មែរប៉ុណ្ណោះ។
  • ជាឯកសារបណ្ដោះអាសន្នសម្រាប់ធ្វើដំណើរបានតែម្តងគត់ គឺដើម្បីត្រឡប់ចូលកម្ពុជាវិញ។
  • មានសុពលភាពរយៈពេលបី (៣) ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខា។

តើពលរដ្ឋខ្មែរអាចស្នើសុំ លិខិតធ្វើដំណើរបណ្ដោះអាសន្ន ក្នុងករណីណាខ្លះ?

ពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសផ្សេង ហើយត្រូវធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញក្នុងស្ថានភាពដូចខាងក្រោម៖

  • លិខិតឆ្លងដែនអស់ ឬ ជិតអស់សុពលភាព
  • លិខិតឆ្លងដែនបានបាត់ ឬ ត្រូវចោរលួច

តើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបាន លិខិតធ្វើដំណើរបណ្ដោះអាសន្ន?

  • ៣ - ៥ ថ្ងៃធ្វើការ
  • អាចយូរជាងនេះ ក្នុងករណីឯកសារតម្រូវមិនគ្រប់គ្រាន់តាមករណីនីមួយៗ

របៀបដាក់ពាក្យស្នើសុំ

  • ទាញយក និងបំពេញពាក្យស្នើសុំ
  • មានឯកសារតម្រូវគ្រប់គ្រាន់ ដូចដែលមានបញ្ជាក់នៅលើពាក្យស្នើសុំស្រាប់។ ស្ថានទូតរក្សាសិទ្ធិក្នុងការស្នើសុំព័ត៌មាន ឬឯកសារបន្ថែមក្នុងករណីចាំបាច់ ដូចនេះសូមសរសេរលេខទូរសព្ទ និងអាសយដ្ឋានអ៊ីម៉ែលឱ្យបានច្បាស់ និងត្រឹមត្រូវ។
  • លោកអ្នកអាចដាក់ពាក្យស្នើសុំតាមវិធីណាមួយដូចខាងក្រោម៖
    • ដាក់ពាក្យស្នើសុំដោយផ្ទាល់នៅស្ថានទូត រៀងរាល់ម៉ោងធ្វើការ ដោយពុំចាំបាច់ណាត់ជាមុននោះឡើយ។
    • ផ្ញើពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធតាមប៉ុស្តិ៍ប្រៃសណីយ៍មកស្ថានទូត ដោយត្រូវភ្ជាប់មកជាមួយផងដែរនូវស្រោមសំបុត្រដែលបានបង់ប្រាក់រួច សម្រាប់ផ្ញើ លិខិតធ្វើដំណើរបណ្ដោះអាសន្ន ត្រឡប់ទៅវិញ (សូមមើល ត្រង់នេះ ពីរបៀប​រៀប​ចំស្រោមសំបុត្រ​ផ្ញើត្រឡប់ទៅវិញឱ្យបានត្រឹមត្រូវជៀស​វាង​ភាពយឺតយ៉ាវ ឬ បាត់បង់​ឯកសារ)។

ព័ត៌មានបន្ថែម

តើមានអ្វីកើតឡើងប្រសិនបើ លិខិតធ្វើដំណើរបណ្ដោះអាសន្ន របស់ខ្ញុំផុតសុពលភាពមុនពេលខ្ញុំធ្វើដំណើរ?

លោកអ្នកត្រូវតែដាក់ពាក្យស្នើសុំ លិខិតធ្វើដំណើរបណ្ដោះអាសន្ន ថ្មី។

តើខ្ញុំអាចប្រើ លិខិតធ្វើដំណើរបណ្ដោះអាសន្ននេះ សម្រាប់ធ្វើដំណើរទៅប្រទេសផ្សេងទៀតបានដែរ ឬ ទេ?

មិនបានទេ។ លិខិតធ្វើដំណើរបណ្តោះអាសន្ននេះ មានសុពលភាពសម្រាប់តែការធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជា វិញប៉ុណ្ណោះ។

ទំនាក់ទំនង

  • ទូរសព្ទ៖ +៤៩ ៣០ ៤៨ ៦៣ ៧៩ ០១
  • អ៊ីម៉ែល៖ consular.recberlin@gmail.com