ទិដ្ឋាការពិសេស ឬ ទិដ្ឋាការខ្មែរ (K-Visa)
នេះជាទិដ្ឋាការពិសេសសម្រាប់ពលរដ្ឋដែលប្រើប្រាស់លិខិតឆ្លងដែនបរទេសសម្រាប់ធ្វើដំណើរ តែមានដើមកំណើតជាខ្មែរ ដែលក្នុងនោះអាចជាពលរដ្ឋខ្មែរដែលមានសញ្ជាតិទីពីរ ឬ អ្នកដែលមានឪពុកម្តាយទាំងសងខាង ឬ តែម្ខាងដែលមានដើមកំណើតខ្មែរ។ ដោយសារតែលោកអ្នកប្រើប្រាស់លិខិតឆ្លងដែនបរទេសសម្រាប់ធ្វើដំណើរ លោកអ្នកពុំអាចធ្វើដំណើរទៅប្រទេសកម្ពុជាបាននោះទេ ដែលតម្រូវឱ្យលោកអ្នកត្រូវមានទិដ្ឋាការពិសេស ឬ ទិដ្ឋាការខ្មែរ នៅលើលិខិតឆ្លងដែននោះជាមុនសិន។
លក្ខណៈពិសេស
ជាប្រភេទទិដ្ឋាការដែល៖
- អាចចេញចូលច្រើនដង (Multiple Entries)។
- មិនអស់សុពលភាព លើកលែងតែលិខិតឆ្លងដែនអស់សុពលភាព ខូច ឬបាត់។
- អនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយមិនកំណត់រយៈពេល។
- ឥតគិតថ្លៃ។
របៀបស្នើសុំ
- ទាញយក និងបំពេញពាក្យស្នើសុំដូចប្រភេទទិដ្ឋាការផ្សេងដែរ ឬ លោកអ្នកអាចសរសេរលិខិតស្នើសុំក៏បាន។
- យកពាក្យស្នើសុំមកដាក់ដោយផ្ទាល់នៅស្ថានទូត ឬ ផ្ញើឯកសារ (រួមទាំងលិខិតឆ្លងដែនច្បាប់ដើម) តាមប៉ុស្តិ៍ប្រៃសណីយ៍ មកស្ថានទូត ក៏បាន ដោយត្រូវភ្ជាប់មកជាមួយផងដែរនូវស្រោមសំបុត្រដែលបានបង់ប្រាក់រួច សម្រាប់ផ្ញើ ត្រឡប់ទៅវិញ (សូមមើល
ត្រង់នេះ
ពីរបៀបរៀបចំស្រោមសំបុត្រផ្ញើត្រឡប់ទៅវិញឱ្យបានត្រឹមត្រូវជៀសវាងភាពយឺតយ៉ាវ ឬ បាត់បង់ឯកសារ)។
- ត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ថាខ្លួនមានដើមកំណើតខ្មែរ ដែលអាចជា សំបុត្រកំណើត អត្តសញ្ជាណប័ណ្ណ ឬ ទិដ្ឋាការខ្មែរដែលធ្លាប់មាននៅលើលិខិតឆ្លងឆែនចាស់។ ក្នុងករណីលោកអ្នកមកស្នើសុំដោយផ្ទាល់នៅស្ថានទូត ឯកសារតម្រូវអាចតិចជាង ព្រោះមន្ត្រីកុងស៊ុលអាចសម្ភាសន៍ និងវាយតម្លៃដោយផ្ទាល់បាន។
រយៈពេលដំណើរការ
៣ ថ្ងៃធ្វើការ ឬ អាចបានភ្លាម ប្រសិនមកដាក់ពាក្យស្នើសុំដោយផ្ទាល់ ជាពិសេសសម្រាប់លោកអ្នកដែលមកពីចម្ងាយ។ ដើម្បីជៀសវាងការខកខានណាមួយ លោកអ្នកអាចទូរសព្ទមកបញ្ជាក់មុនបន្តិចរិទ្ធតែល្អ។
កំណត់ចំណាំ
- ដូចគ្នានឹងទិដ្ឋាការប្រភេទផ្សេងដែរ ទិដ្ឋាការនេះមិនអាចផ្ទេរពីលិខិតឆ្លងដែនមួយទៅមួយទៀតបានទេ។ ពេលមានលិខិតឆ្លងដែនថ្មីត្រូវស្នើសុំទិដ្ឋាការនេះជាថ្មី។
- ជនបរទេសដែលរៀបការជាមួយពលរដ្ឋខ្មែរ ពុំទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិនោះទេ ដែលមានន័យថា ពួកគេមិនអាចស្នើសុំទិដ្ឋាការខ្មែរនេះបាននោះដែរ គឺពួកគេត្រូវការទិដ្ឋាការទេសចរ ឬ ទិដ្ឋាកាធម្មតា (ប្រភេទ T ឬ E)។